អំណានសម្រាប់ថ្ងៃនេះ 📖

អំណានដ៏មានតម្លៃ ដែលខ្ញុំជ្រើសរើសមកចែករំលែក — ប្រវត្តិសាស្ត្រ ចំណេះដឹងទូទៅ និងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍។ អានយឺតៗ ជាមួយកាហ្វេមួយកែវ។

📜 ប្រវត្តិសាស្ត្រប្រទេសឡាវ

ទន្លេមេគង្គហូរកាត់ប្រទេសឡាវ
ទន្លេមេគង្គ — ខ្សែជីវិតរបស់ប្រជាជនឡាវតាំងពីបុរាណកាល (រូបភាពគំនូរ)

ប្រទេសឡាវ មានឈ្មោះជាផ្លូវការថា៖ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានប្រវត្តិដ៏សម្បូរបែប និងមានអាយុកាលរាប់ពាន់ឆ្នាំ។ រឿងរ៉ាវនៃប្រទេសនេះចម្រុះទៅដោយ វប្បធម៌ នយោបាយ និងភូមិសាស្ត្រ។ ភ័ស្តុតាងដំបូងបំផុតនៃជម្រក និងវត្តមានរបស់មនុស្សនៅក្នុងតំបន់នេះមានអាយុកាលយ៉ាងហោចណាស់ 10,000 ឆ្នាំមុន ជាមួយនឹងក្រុមជនជាតិផ្សេងៗដែលរួមចំណែកធ្វើឲ្យប្រទេសនេះមានវប្បធម៌ចម្រុះដ៏សម្បូរបែបផងដែរ។

អរិយធម៌ដំបូងគួរឱ្យកត់សម្គាល់មួយនៅក្នុងប្រទេសឡាវគឺអាណាចក្រខ្មែរ ដែលឡាវបានទទួលឥទ្ធិពល និងអាចមើលឃើញជាក់ស្ដែងគឺប្រាសាទបុរាណ វត្តភ្នំ ឬភាសាឡាវហៅថា វត្តភូចម្ប៉ាស័ក ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបច្ចុប្បន្ន។

វត្តភូចម្ប៉ាស័ក — ប្រាសាទបុរាណឥទ្ធិពលខ្មែរ តំបន់បេតិកភណ្ឌពិភពលោក (រូបភាពគំនូរ)
វត្តភូចម្ប៉ាស័ក — ប្រាសាទបុរាណឥទ្ធិពលខ្មែរ តំបន់បេតិកភណ្ឌពិភពលោក (រូបភាពគំនូរ)
អានបន្ត 📖

នៅសតវត្សរ៍ទី១៨ និងទី១៩ លាវបានក្លាយជាសមរភូមិសម្រាប់ប្រទេសដែលមានអំណាចក្នុងតំបន់ ហើយធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមការតស៊ូរវាងសៀម (ឥឡូវជាថៃ) និងវៀតណាម។ បន្ទាប់មកសម័យអាណានិគមបារាំងបានចាប់ផ្ដើមនៅចុងសតវត្សទី 19 ហើយឡាវបានក្លាយជាផ្នែកមួយនៃឥណ្ឌូចិនរបស់ប្រទេសបារាំង។ ប្រទេសនេះបានទទួលឯករាជ្យនៅឆ្នាំ 1954 បន្ទាប់ពីសង្គ្រាមឥណ្ឌូចិន។ (ដោយសារបារាំងបានចូលគ្រប់គ្រងឡាវជាបីដំណាក់កាលគឺដំណាក់កាលទីមួយ ពីឆ្នាំ១៨៩៣ ដល់១៨៩៥, ដំណាក់កាលទីពីរ ពីឆ្នាំ១៨៩៥ ដល់១៨៩៩ និងដំណាក់កាលទី៣ ពីឆ្នាំ១៨៩៩ ដល់ឆ្នាំ១៩៤១)។

ទោះជាយ៉ាងនេះក្តីបន្ទាប់ពីរួចខ្លួនពីនឹងអាណានិគមបារាំង សង្គ្រាមវៀតណាមក៏បានជះឥទ្ធិពលលើឡាវ ដោយប្រទេសឡាវបានក្លាយជាគោលដៅសម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ក្នុងនោះក៏មានកម្ពុជាផងដែរដែលទទួលផលប៉ះពាល់។ ស្លាកស្នាមនៃជម្លោះនេះនៅតែអាចមើលឃើញនៅក្នុងតំបន់ប្រវត្តិសាស្ត្រមួយកន្លែងគឺចម្ការក្រឡ ឬ Plain of Jars ឬជាភាសាឡាវហៅថា ທົ່ງໄຫຫີນ ដែលជាតំបន់ដែលមានក្រឡថ្មធំៗ និងជាកន្លែងប្រវត្តិសាស្ត្របង្កប់ដោយអាថ៌កំបាំងជាច្រើន បច្ចុប្បន្នតំបន់ក្រឡថ្មនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

ចម្ការក្រឡ (Plain of Jars) — តំបន់ក្រឡថ្មដ៏អាថ៌កំបាំងនៃប្រទេសឡាវ (រូបភាពគំនូរ)
ចម្ការក្រឡ (Plain of Jars) — តំបន់ក្រឡថ្មដ៏អាថ៌កំបាំងនៃប្រទេសឡាវ (រូបភាពគំនូរ)

ចាប់តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់មក ប្រទេសឡាវបានផ្តោតលើការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ សព្វថ្ងៃនេះ ប្រទេសឡាវជាទឹកដីដែលមានសម្បត្តិវប្បធម៌ ជាមួយនឹងទេសភាពធម្មជាតិ រួមជាមួយភាពស្ងប់ស្ងាត់ ដែលបន្សល់ទុកពីអតីតកាលដ៏ច្រើនដែលគួរឲ្យចង់ដឹងនិងស្វែងយល់ផងដែរ។ ទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ ហូរកាត់ព្រៃ និងភ្នំថ្មកំបោរ បានដើរតួនាទីសំខាន់ក្នុងការផលិតអគ្គីសនីសម្រាប់ប្រទេសឡាវ ដោយឡាវមានគោលដៅក្លាយជាប្រទេសផ្គត់ផ្គង់ថាមពល ឬជាអាគុយនៃអាស៊ានផងដែរ សម្របនឹងនេះផងដែរ ទន្លេមេគង្គនៅតែជាខ្សែទឹកដ៏សំខាន់សម្រាប់ប្រជាជនឡាវដែលភាគច្រើនអាស្រ័យផលទឹកទន្លេមួយខ្សែនេះ។

ជាបន្តទៅទៀតនេះខ្ញុំសូមលើកយកនូវប្រវត្តិសាស្ត្រឡាវមកនិយាយដោយសង្ខេបដោយផ្អែកទៅតាមសៀវភៅប្រវត្តិសាស្ត្រផងដែរ។

ជំពូកទី១ — ឡាវសម័យបូរាណ ចាប់ពីឆ្នាំ ២៦០ (គឺឆ្នាំ៣០០ មុន គ.ស ដល់ ៧៥០ឆ្នាំក្រោយ គ.ស)

I. ការកកើត "ជនជាតិអាយឡាវ" និងសភាពការរួមក្នុងដែនដីសុវណ្ណភូមិ

១. ពន្យល់ពាក្យ — អម្បូរ អាយឡាវ និងពាក្យសុវណ្ណភូមិ

២. អម្បូរអាយឡាវ

យោងតាមការស្រាវជ្រាវរបស់ជនជាតិចិនបូរាណដែលបានកត់ត្រាទុក, ដែលអ្នកស្រាវជ្រាវភាគខាងលិចក៏មានការចាប់អារម្មណ៍ការស្រាវជ្រាវនេះផងដែរ ហើយនាំគ្នាស្រាវជ្រាវបន្ត តែអ្នកស្រាវជ្រាវភាគច្រើននៅមិនទាន់មានការចាប់អារម្មណ៍ពាក្យថា តៃ ដែលអ្នកខ្លះបានសរសេរថា T'ai ឬ Thai មិនយូរប៉ុន្មានក៏មានអ្នកចាប់អារម្មណ៍ និងប្រើប្រាស់បានត្រឹមត្រូវទាក់ទងនឹងពាក្យ T'ai តែនៅមានបញ្ហាមិនចុះសម្រុងគ្នាចំពោះអត្តន័យនៃពាក្យនេះនៅឡើយ។

ក្រោយពេលសង្គ្រាមវៀតណាមប្រឆាំងនឹងអាណានិគមបារាំងបានបញ្ចប់ នៅសមរភូមិមុខ ឌៀនប៊ៀនហ្វូ ឆ្នាំ១៩៥៣ ទាហានបារាំងដែលធ្លាប់មានទំនាក់ទំនងនឹងវៀតណាម ជនជាតិតៃ ក៏បាននាំគ្នាសិក្សាស្រាវជ្រាវប្រភពនៃឈ្មោះតៃនេះបន្ថែមទៀត។

ថ្មីៗនេះដែរមានសៀវភៅមួយក្បាលជាភាសាបារាំងដែលបកប្រែជាភាសាឡាវ និងសូមបកប្រែជាភាសាខ្មែរបន្តថា "ការកំណត់ពេលវេលា" ឬ Chronology ក្នុងប្រវត្តិសាស្ត្រឡាវពី ៣០០០ឆ្នាំ មុន គ.ស ដល់២០០០ឆ្នាំ ក្រោយ គ.ស។ សៀវភៅនេះនឹងធ្វើឲ្យយើងជឿជាក់ ឬច្បាស់ចិត្តជាងមុនថា ជនជាតិឡាវជាជនជាតិចំណាស់មួយដែលនៅឡាយឡំជាមួយជនជាតិចិនតាំងពីយូរលង់ណាស់មកហើយ នេះក៏ជាហេតុនាំឲ្យអ្នកស្រាវជ្រាវអាចអធិប្បាយបានថា៖ ជនជាតិអាយឡាវ គឺជាបុព្វបុរស ឬជាវង្សត្រកូលនៃជនជាតិ តៃ Tai ដែលត្រូវបានសរសេរជាភាសាអន្តរជាតិថា "Luo-Yues (Ai-Lao)" ប៉ុន្តែម្ចាស់សាម៉ីខ្លួនបែជាមិនបានយល់ថាខ្លួនឯងជាជនជាតិ អាយឡាវ ដូចដែលជនជាតិចិននាសម័យបូរាណគេយល់ច្បាស់ក្នុងប្រវត្តិសាស្ត្រនោះទេ។ ឆ្លងកាត់ដំណាក់កាលនៃពេលវេលា ឈ្មោះខាងលើក៏បានផ្លាស់ប្ដូរទៅតាមយុគសម័យដូចជា៖ ប្ដូរពី Ailao ទៅជា Yilao, ប្ដូរពី Luoyues ឬ Yuelao, Baiyue, Nanyue, Yangyue, Yiyue និងបន្តបន្ទាប់រហូតដល់ តៃ-ឡាវ តាមការព្រមព្រៀង និងយល់របស់លោកភាគខាងលិច។ តែថា នៅពេលមិនយូរប៉ុន្មានមកនេះ, សម័យចមពល ភិប៊ូន សុងខាម ឬ ភិប៊ូនសង្គ្រាម ដណ្ដើមអំណាច, ក្លាយជាជនផ្ដាច់ការតំបូងគេបង្អស់របស់ជនជាតិសៀមបានសម្រេចចិត្តប្ដូរឈ្មោះប្រទេសខ្លួនឯងថា "ប្រទេសថៃ" ដើម្បី "លេបត្របាក់" ជនជាតិផ្សេងៗទៀតដែលមានឈ្មោះថា ថៃ នៅពីមុខដូចជា ថៃដាំ ថៃដែង ថៃយួន ថៃម៉ូ ថៃងីវ ថៃអាហុម នៅតាមព្រំដែនមីយ៉ាន់ម៉ា និងឥណ្ឌាបច្ចុប្បន្នដោយមានបំណងបញ្ចូលទាំង ថៃឡាវ ឲ្យក្លាយជា "ថៃ" តែមួយហៅថា ថៃឡែន Thailand។ ការប្រកាសឈ្មោះប្រទេសថ្មីក្នុងឆ្នាំ ១៩៣២ គឺមានគោលដៅច្បាស់លាស់ដើម្បីសាងលទ្ធិ ថៃញ៉ៃ ឬថៃធំ ដែលធ្វើឲ្យជនជាតិឡាវដែលកើតថ្មីៗ ធំដឹងក្ដីឡើងមិនយល់ ឬយល់ច្រឡំមិនដឹងថាខ្លួនឯងជា "ថៃ" ឬជា "ឡាវ" ប្រសិនបើមិនស្រាវជ្រាវប្រភព និងប្រវត្តិសាស្ត្ររបស់ខ្លួនឯងឲ្យបានច្បាស់ទេនោះ។ រឿងមួយដែលនាំឲ្យប្រជាជនឡាវច្រឡំ ឬវង្វេងព្រោះពាក្យសព្ទឡាវដើម ប្រើពាក្យថា ថៃ នៅពីមុខពាក្យបញ្ជាក់ទីកន្លែងរស់នៅរបស់មនុស្សនៅតាមតំបន់ ហើយធ្វើឲ្យគេយល់ថាឡាវជាថៃដោយមិនដឹងខ្លួន។ ដូចជាពាក្យថា៖ ថៃភូមិខាងត្បូង, ថៃភូមិខាងជើង, ថៃភូមិយើងនេះឯង។ល។ ដែលពាក្យថា ថៃ ក្នុងភាសាឡាវដែលបាននិយាយអំបាញ់មិញនេះគឺមានន័យថា មនុស្ស ឬប្រជាជន។ ឧទាហរណ៍៖ ថៃភូមិខាងត្បូង មានន័យថាប្រជាជនភូមិខាងត្បូង។ ថៃភូមិយើង បានន័យថា ប្រជាជនភូមិយើង ឬអ្នកភូមិយើងនេះឯង។ រហូតមានថ្ងៃមួយក្នុងសង្គមឡាវនៅភាគឥសាន្តនៃប្រទេសថៃបច្ចុប្បន្ន នៅមានការខ្វែងគំនិតគ្នានៅឡើយដោយសារមិនហ៊ានទទួលស្គាល់ថាខ្លួនឯងជា ជនជាតិថៃ ដែលថៃបានប្រឌិតឡើង នេះក៏ដោយសារមិនហ៊ាននិយាយថាខ្លួនឯងជា ថៃឡាវ កាលពីមុនមក។ មិនខុសពីជនជាតិថៃជាប់សែស្រឡាយចិន ដែលនៅគោរពប្រតិបត្តិទំនៀមទម្លាប់ច្រើនយ៉ាងរបស់ចិនជាផ្លូវការផងដែរ។ ទាក់ទងនឹងបញ្ហានេះ សាស្រ្តាចារ្យ សុចិត្រ វង្សទេស (ជនជាតិថៃ) បានសរសេរថា ជនជាតិថៃ គឺជាចិក (ចិន)លាយឡំជាមួយឡាវ ហើយឃើញថាបច្ចុប្បន្នជនជាតិថា ឥសាន្ត គឺជាខ្សែស្រឡាយតែមួយ ឬនិយាយបានថាជាជនជាតិឡាវ ឬ តៃ-ឡាវ មកពីតំបន់ណានចៅ ឬ ណងស៊ែ កាលពីសម័យបូរាណនុះឯង។

២. ពាក្យថា សុវណ្ណភូមិ

សុវណ្ណភូមិ សម្ដៅដល់ភូមិភាគអាស៊ីខាងកើតឆៀងខាងត្បូង។

លក្ខណៈភូមិសាស្ត្រនៃ សុវណ្ណភូមិ៖ គឺជាជ្រោយធំវែងសន្ធឹងទៅសមុទ្រភាគខាងត្បូង។ ហើយជ្រោយនេះអមព័ទ្ធដោយសមុទ្រទាំងបីទិសគឺ ទិសខាងកើតគឺជាសមុទ្រចិនខាងត្បូង, និងខាងត្បូងគឺជាមហាសមុទ្រឥណ្ឌា។ ទិសខាងជើងជាប់នឹងប្រទេសចិន និងខាងលិចជាប់ជ្រោយអសាំ (Assam) របស់ឥណ្ឌា។

II. សម័យស៊ីឃោតៈបង (ស្រីគោត្តបុរៈ) (មុន គ.ស ដល់ ស.វ ទី៧ ក្រោយ គ.ស)

អាណាចក្របុរាណតាមដងទន្លេមេគង្គ — ការស្រមៃពីសម័យស៊ីឃោតៈបង (រូបភាពគំនូរ)
អាណាចក្របុរាណតាមដងទន្លេមេគង្គ — ការស្រមៃពីសម័យស៊ីឃោតៈបង (រូបភាពគំនូរ)

១. ទីតាំងភូមិសាស្ត្រ

ស៊ីឃោតៈបង (ស្រីគោត្តបុរៈ) ជាឈ្មោះរបស់អាណាចក្រសំខាន់បំផុតមួយនៅសម័យបូរាណនៃដែនដីឥណ្ឌូចិន។ ចំណុចកណ្ដាលនៃអាណាចក្រនេះ ស្ថិតនៅខ្ពង់រាបទន្លេមេគង្គនិងចំណុចកណ្ដាលនៃរាជាណាចក្រឡាវឡានសាង ឬលានជាងនាសម័យមុនដោយលាតសន្ធឹងពីស្រុក ថាខែក រយអ៊ែត និងពីវៀងចន្ទន៍ដល់ខេត្តសៈវណ្ណាខេត្ត។

តែអាណាខេត្តលាតសន្ធឹងទៅទល់នឹងខ្មែរ ថៃ និងពេលខ្លះលាតទៅដល់ជ្រោយម៉ាឡាយូ មានទំហំលាតសន្ធឹងប្រមាណ៦០០០០០ គម២។ ស៊ីឃោតៈបង ឬ (ស្រីគោត្តបុរៈ) មានជម្រៅជ្រៅទៅដល់តំបន់ សេបាំងហ្វៃ ប្រមាណ១៥ គម ដែលបច្ចុប្បន្នត្រូវបានគ្របដណ្ដប់ដោយព្រៃក្រាសឃ្មឹក និងធ្លាប់ត្រូវជាចំណុចកណ្ដាលនៃអាណាចក្រមួយនេះ។ ពាក្យថា ស៊ីឃោតៈបង គឺជាពាក្យដែលក្លាយមកពីពាក្យសំស្ក្រឹតថា ស្រីគោត្តបុរៈ ប្រែថា ស្រុកខាងលិច តមកក៏មានការប្រែប្រួលទៅតាមការបញ្ចេញសំឡេង និងសំនៀងនៃភាសាឡាវថា ស៊ីឃោតៈប៊ុន និងឃោតៈបង តាមលំដាប់លំដោយ។ អាណាចក្រនេះចាប់ផ្ដើមមានអំណាចតាំងពីសតវត្សរ៍ទី១ មុន គ.ស ដល់សតវត្សរ៍ទី៦ និងចុងសតវត្សរ៍ទី៧ នៃ គ.ស។

២. វង្សត្រកូល ឬសញ្ជាតិនៃម្ចាស់អាណាចក្រ ស៊ីឃោតៈបង

បើយកតាមអត្តន័យនៃឧរង្គនិទាន (រឿងនិទាននាគ) ពួកនាគគឺជាម្ចាស់នៃអាណាចក្រស៊ីឃោតៈបង ពួកនាគបានផ្លាស់ទីចុះពី ណងក្រៈសែ ហើយពាក្យថា នាគ នៅទីនោះ មានន័យសម្ដៅដល់ពួកជនជាតិឡាវដែលបានផ្លាស់ទីពី យូណាន នោះឯង ឬមិនដូច្នោះទេគឺជាក្រុមមនុស្សដែលលាយឡំគ្នារវាងពួកអាយឡាវដែលមានស្រាប់នៅជ្រោយឥណ្ឌូចិន និងពួកជ្វាដែលនៅសេសសល់ក្នុងតំបន់។ អ្នកប្រាជ្ញខ្លះជឿថាជាពួកមនុស្សមួយក្រុមដែលភាសាឡាវហៅថា (លៈ វ៉ា) បើតាមការសង្កេតទៅលើព្រះភ័ក្រព្រះពុទ្ធបដិមាសម័យស៊ីឃោតៈបង គឺមានទំនាក់ទំនងយ៉ាងជិទស្និទ្ធជាមួយនឹងប្រជាជនឡាវបច្ចុប្បន្នផងដែរ។

មានអ្នកស្រាវជ្រាវច្រើនរូបយល់ថា អាណាចក្រស៊ីឃោតៈបង គឺជាអាណាចក្រតែមួយជាមួយនឹង ហ្វូណន ដែលមានសរសេរក្នុងកំណត់ហេតុចិន និងភស្តុតាងប្រវត្តិសាស្ត្ររបស់ហ្វូណនដែលបានមកពីកំណត់ហេតុរបស់ចិនភាគច្រើនផងដែរ។

ពាក្យថា ហ្វូណន ត្រូវនឹងពាក្យថា ភ្នំ ដែលមានន័យថាស្រុកដែលសម្បូរទៅដោយភ្នំ ហើយភស្តុតាងដែលធ្វើឲ្យយើងអាចយល់បានថាអាណាចក្រស៊ីឃោតៈបងគឺជាអាណាចក្រតែមួយជាមួយនឹងហ្វូណននោះមានដូចតទៅ៖

  • កំណត់ហេតុចិន នៃរាជវង្ស លាង និយាយថា អាណាចក្រហ្វូណនមានទន្លេធំមួយ ដែលហូរមកទិសខាងលិច ផាកាង, ទន្លេមេគង្គ ពីវៀងចន្ទន៍ ទៅ ថាខេក ក៏ហូរមកពីទិសខាងលិចដូចគ្នា។
  • បរិវេណស្រុក ថាខេក ពេញទៅដោយជួរភ្នំខ្ពស់ជាច្រើន (ដូចពាក្យ ហ្វូណន ឬភ្នំ)។
  • មានអ្នកប្រាជ្ញជាច្រើនអ្នកបានមានមតិយល់ឃើញស្របគ្នាថា មាត់ទន្លេមេគង្គសម័យ៣០០០ឆ្នាំមុន គឺនៅតំបន់ទឹកធ្លាក់ លីភី កោះបួនពាន់ ឬ (ស៊ីផាន់ដន) ខេត្តចម្ប៉ាស័ក។ តែនៅពេលអាកាសធាតុមានការប្រែប្រួល ទន្លេមានការហូរប្ដូរទិសមកដល់ភ្នំពេញ កម្ពុជា។
  • រឿងរាវអាណាចក្រស៊ីឃោតៈបង បានដក់ជាប់ពាក់ព័ន្ធជីវិតរបស់ប្រជាជនឡាវ រហូតក្លាយទៅជាមានរឿងនិទានដំណាលតគ្នាទាក់ទងនឹងពញាស៊ីឃោតៈបង ដែលមានកម្លាំមហាសាល (អ្នកតាតំបងក្រញូង) ហើយនិទានតៗគ្នាអស់រាប់សិបសម័យធ្វើឲ្យអ្នកស្រុកជឿថាមានរឿងនិទានមួយគឺ ປະຣຳປະຣະ ដែលនិទានទាក់ទងនឹងការសាងប្រាសាទភ្នំ វត្តភូចម្បាស័ក ត្រូវបានធ្វើឡើងដើម្បីប្រកួតប្រជែង និងប្រាសាទ ព្រះធាតុភ្នំ ដែលគេជឿថាអ្នកក៏សាងមានសុទ្ធតែមនុស្សស្រី ហើយឃើញថា ព្រះធាតុភ្នំ បានសង់រួចរាល់មុន។ ត្រង់ចំណុចនេះបញ្ជាក់ថា ព្រះធាតុភ្នំ គឺជាសីល្បៈមុនវត្តភូចម្បាស័ក ហើយជាសីល្បៈខមច្រើនជាង នាសតវត្សទី៨។

អ្នកកសាងអាណាចក្រស៊ីឃោតៈបង

តាមកំណត់ត្រាចិនបាននិយាយថា អ្នកសាងតាំងរាជវង្សតំបូងគេនៅ ហ្វូណន ជាជនជាតិឥណ្ឌាដែលបានប្រពន្ធជាកូនស្រីរបស់មេកន្ទ្រាញនៃនគរហ្វូណន ដែលសាច់រឿងនិយាយថា អ្នកគ្រប់គ្រងហ្វូណនតំបូងគេគឺជាស្ត្រីព្រះនាម លីវយី មានបុរសម្នាក់ ហួន ចឹង មកពីស្រុក ហូហ្វូ (ឥណ្ឌា)ប្រតិបត្តិសាសនាព្រាហ្មសុបិនថាទេវតាប្រទានធ្នូ និងនាងលីវយី ជាប្រពន្ធហើយក្លាយជាអ្នកគ្រប់គ្រងហ្វូណន។

ចំពោះរឿងឧរង្គនិទានក៏បាននិយាយដែរថាចៅហ្វាយស្រុកស៊ីឃោតៈបងជាអ្នកដែលមានសែស្រឡាយ គោត្តម ដែលជាវង្សត្រកូលព្រះពុទ្ធអង្គ។

សរុបមក អាណាចក្រស៊ីឃោតៈបងបានសាងឡើងដោយជនជាតិឥណ្ឌា និងបាននាំមកនូវវប្បធម៌ឥណ្ឌាចូលមកស៊ីឃោតៈបងច្រើនសតវត្សមុន គ.ស តែវប្បធម៌ឥណ្ឌាបានកប់ដានយ៉ាងជ្រៅទៅហើយនៅទីនោះប្រមាណដើមសតវត្សនៃ គ.ស។

ម្ចាស់ផែនដីសំខាន់របស់អាណាចក្រស៊ីឃោតៈបង

ក្សត្រហ្វូណន តាមសំបុត្រកំណត់ហេតុចិនគឺគ្រប់អង្គព្រះនាមចាប់ផ្ដើមដោយពាក្យថា ហ្វាន់ ឬហ្វង ដែលត្រូវនឹងភាសាសំស្ក្រឹតថា វរ្ម័ន ប្រមាណរវាង គ.ស ២០០ ដល់២២៥ ព្រះចៅ ហ្វាន់ចេម៉ាន់ (ផ្វានឝ៊ឺម៉ាន) ឡើងគ្រងរាជ ព្រះអង្គគឺជាកំពូលអធិរាជតំបូងគេបង្អស់របស់អាណាចក្រហ្វូណនដែលមានស្រុកចំណុះរហូតដល់ ១០ ប្រទេស។ នៅក្នុងឧរង្គនិទាន (និទាននាគ) មានបញ្ជាក់ឈ្មោះកំពូលអធិរាជរបស់អាណាចក្រស៊ីឃោតៈបងមួយអង្គមានព្រះនាមថា ពញា សូរិយវង្ស ព្រះសិទ្ធិដេត មានរាជធានីនៅក្រុង សាកេតដែលជាតំបន់រណបរបស់ស៊ីឃោតៈបង។ ក្នុងរជ្ជកាលនេះមានវិសាលភាពទូលំទូលាយធំធេងគ្របដណ្ដប់ទ្វារវត្ដីភាគកណ្ដាលនៃប្រទេសថៃបច្ចុប្បន្ន និងតំបន់ឥន្ទបត ដែលជាដែនដីខ្មែរបច្ចុប្បន្នផងដែរ។

លុះឆ្លងកាត់រជ្ជកាលរបស់ ផ្វានឝ៊ឺម៉ាន អស់កាលជិតបីសតវត្ស កំណត់ហេតុចិនបាននិយាយពីក្សត្រហ្វូណន ដែលជាអ្នកមានអំណាចបំផុតមួយអង្គទៀតគឺ ព្រះចៅ ជោយេប៉ៈមោ ដែលក្នុងប្រវត្តិសាស្ត្រសរសេរថា ជ័យវរ្ម័ន (កៅឌិណ្ឌ) គ្រងអំណាចរវាង គ.ស ៥៧៨ ដល់ ៥១៤ អាណាខេត្តរបស់ហ្វូណនសម័យនេះគឺគ្របដណ្ដប់ស្ទើពេញឥណ្ឌូចិន។

សៀវភៅឧរង្គនិទានសរសេរថា ក្សត្រដែលមានអំណាចបំផុតគឺពញា សូរិយវង្ស ព្រះសិទ្ធិដេត ជាពញា សុមិត្ត្រាធម្មវង្សា ឬសុមិន្ទរាជា ព្រះអង្គជាចក្រពត្តនៃមហាអាណាចក្រស៊ីឃោតៈបងដែលមានស្រុករណប១០១ប្រទេស រាជធានីរបស់មហាអាណាចក្រនេះនៅក្រុងមរុក្ខនគរ (នៅខេត្តព្រះធាតុភ្នំ បច្ចុប្បន្នហៅថាស្រុក ណង, ប្រទេសថៃ) តែតមកក៏ផ្លាស់ប្ដូរទៅសាកេត វិញ (រយអែត)។

ក្សត្រចុងក្រោយរបស់ហ្វូណន ទ្រង់ព្រះនាមថា ព្រះចៅ ឧទ្ទ្រវរ្ម័ន ទ្រង់ជាក្សត្រខ្សោយបំផុត ក្នុងសង្គ្រាមបន្ទាប់មកក៏ចាញ់សង្គ្រាមស្ដេចខ្មែរនៃដែនដី សេដ្ឋបុរៈ គឺនៅបរិវេណវត្តភូចម្ប៉ាស័ក នាចុងសតវត្សទី៧ នៃគ.ស បន្ទាប់ពីនោះមកពាក្យថាហ្វូណនក៏បាត់បង់ចេញពីកំណត់ហេតុចិន ហើយមានឈ្មោះអាណាចក្រថ្មីមកជំនួសគឺអាណាចក្រ ចេនឡា ដែលជាអាណាចក្ររបស់ខម ឬខ្មែរបូរាណ។ ក្នុងសៀវភៅឧរង្គនិទានបានសរសេរទៀតថាក្សត្រអង្គចុងក្រោយនៃអាណាចក្រស៊ីឃោតៈបងទ្រង់ព្រះនាម និរុទ្ធរាជា ទ្រង់ជាក្សត្រដែលខ្សោយ ចូលចិត្តតែការសប្បាយផ្ទាល់ខ្លួន ទើបបាត់បង់ទឹកដីទៅឲ្យខម។

[មានបន្ត….]